ភ្នំពេញ ៖ លោក ស៊ិនចាន់ សេរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី សម្រាប់ប្រចាំតំបន់ភូមិភាគឥសាន្ដ ដេីម្បីបំពេញតម្រូវការភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ ។ ក្នុងសិនិ្នសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២០ លោក ស៊ិនចាន់ សេរីវុត្ថា បានឲ្យដឹងថា គម្រោងសិក្សានេះគឺធ្វើឡើងស្របតាម អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនអ្នក ដំណើរតាមផ្លូវអាកាសទៅតំបន់ភូមិភាគឥសាន្ត។
លោកបន្ដថាក្រុមការងារបច្ចេកទេសទំាងរដ្ឋនិងឯកជនកំពុងសិក្សាពីគម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះដោយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចនៅពេលខាងមុខ។លោក មានប្រសាសន៍ថា "អាកាសយានដ្ឋានថ្មីមួយនៅខេត្តមណ្ឌលគិរី គណៈកម្មាគោលនយោបាយសេដ្ឋកិច្ច ដែលមានឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអនុប្រធាន មានការសិក្សាស្វែងយល់ថា នឹងដាក់ទិសដៅអភិវឌ្ឍន៍អាកាសយានដ្ឋាននៅតំបន់ ភូមិភាគឥសាន្ត នៅខេត្តមណ្ឌលគិរី ពេលបានគោលការណ៍នេះឯកឧត្តមរដ្ឋមន្ត្រី បានផ្តួចផ្តើមគំនិត បានសហការជាមួយក្រុមជំនាញ បានពិភ្សាជាមួយអាជ្ញាធរដែនដី នៅខេត្តមណ្ឌលគិរីបានប្រគល់ទីតាំងថ្មីមួយមានទំហំផ្ទៃដីប្រហែលជា៣០០រយហិកតា ដើម្បីសាងសង់អាកាសយានដ្ឋានថ្មីនេះ ។ អាកាសស៊ីវិល រៀបចំនៃការសិក្សាជាបឋម ស្តីពីការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះទៅគណៈកម្មាគោលនយោបាយសេដ្ឋកិច្ចយើងនិងសិក្សាលំអិតទៀតផលប៉ះពាល់សង្គមបរិស្ថាន និងការអភិវឌ្ឍជាក់ស្តែង យើងនឹងបន្តអភិវឌ្ឍន៍តទៅទៀតអាកាសយានដ្ឋានក្នុងស្រុក"។
លោកបន្ថែមថាតាមការវាយតម្លៃគម្រោងសាងសង់អាកាសយាន្តដា្ឋនក្នុងស្រុកប្រចាំតំបន់ភូមិភាគឥសាន្តស្ថិតក្នុងខេត្តមណ្ឌលគិរីនេះគ្រោងចំណាយថវិការហូតដល់៦០លានដុល្លារប៉ុន្តែតម្លៃសាងសង់នឹងប្រែប្រួលបន្ថែមទៀត ខណៈការសិក្សាមិនទាន់ចប់រួចរាល់។
សូមរំលឹកថាកម្ពុជានៅចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០២៣គ្រោងចំណាយទៅលើការវិនិយោគវិស័យអាកាសចរណ៍ស៊ីវិលរហូតដល់ជាង៣ពាន់លានដុល្លារ ចំណែកគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីថ្មីមានការប៉ាន់ស្មានទៅលើការអភិវឌ្ឍចំណាយថវិកាជាង៦០លានដុល្លារ៕ដោយ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ